ភ្នំពេញ៖ ដើម្បីលើកកម្ពស់សមត្ថភាពបន្ថែមក្នុងការងារអាជីពប្រចាំថ្ងៃរបស់ខ្លួនក្លឹបអ្នកកាសែតកម្ពុជាកាលពីថ្ងៃទី៥ ខែកុម្ភៈ បានប្ដេជ្ញានឹងបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានយ៉ាងហោចណាស់១០០នាក់ក្នុងឆ្នាំ២០១០នេះ។
វគ្គបណ្ដុះបណ្ដាលនេះគឺជាផ្នែកមួយនៃសកម្មភាពជាច្រើនរបស់ក្លឹបអ្នកកាសែតកម្ពុជាក្នុងការជួយគាំទ្រអ្នកសារព័ត៌មានក្នុងស្រុកដើម្បីកសាងសមត្ថភាព និងការលើកស្ទួយវិជ្ជាជីវៈឲ្យបានកាន់តែប្រសើរឡើង។
ថ្លែងក្នុងពិធីបើកវគ្គនៅថ្ងៃទី៥ខែកុម្ភៈនេះ លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បាននិយាយថា វគ្គនេះមិនមែនលើកដំបូងនោះទេ សម្រាប់ក្លឹបអ្នកកាសែតកម្ពុជាក្នុងការផ្ដល់ពុទ្ធិបន្ថែមដល់អ្នកសារព័ត៌មាននោះ ប៉ុន្តែកន្លងមកអ្នកសារព័ត៌មានជាច្រើនក៏បានចូលរួមអ្នកសារព័ត៌មានជាច្រើនក៏បានចូលរួមវគ្គសិក្សាដែលផ្ដល់ដោយក្លឹបអ្នកកាសែតកម្ពុជាផងដែរ។
លោក សមិទ្ធិ បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០១០នេះ ក្រៅពីការងារស្នូលរបស់ខ្លួនក្នុងការរៀបចំវេទិកាពិភាក្សាតុមូលជាមួយមន្ត្រីនានាមកពីស្ថាប័នផ្សេងៗទាំងក្នុងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល ការរៀបចំវេទិកានិពន្ធនាយក និងការការពារអ្នកសារព័ត៌មាន ក្លឹបអ្នកកាសែតកម្ពុជាបានបង្កើតវគ្គបណ្ដុះបណ្ដាលអាជីពជាបន្តបន្ទាប់ក្នុងទិសដៅបណ្ដុះបណ្ដាលអ្នកសារព័ត៌មានឲ្យបានចំនួន១០០នាក់ក្នុងឆ្នាំ២០១០។ លោកបានបន្ថែមថា វគ្គនេះបានគាំទ្រពីមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ ហើយគ្រូបង្រៀនទាំងអស់សុទ្ធតែមានបទពិសោធន៍ការងារជាក់ស្ដែង និងការសិក្សាខ្ពស់នៅលើផ្នែកការងារព័ត៌មាន។
គួរបញ្ជាក់ដែរថា វគ្គសិក្សាដែលមានរយៈពេលមួយខែនេះ គឺជាវគ្គលើកទីពីរហើយ បន្ទាប់ពីវគ្គទីមួយបានបញ្ចប់ កាលពីថ្ងៃទី២៩ ខែមករាកន្លងមក។
វគ្គសិក្សានេះនឹងផ្ដោតលើមុខជំនាញសរសេរព័ត៌មានទូទៅ ដូចជា ព័ត៌មានផ្នែកឧក្រិដ្ឋកម្ម និងតុលាការផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយជាដើម។ ក្រមសីលធម៌ និងច្បាប់សារព័ត៌មាន ក៏ដូចជាព្រហ្មទណ្ឌក៏ត្រូវលើកយកមកបង្ហាញផងដែរ ដើម្បីឲ្យអ្នកសារព័ត៌មានអាចគេចផុតពីការប្ដឹងផ្ដល់ផ្នែកច្បាប់ដូចជាបញ្ហាបរិហាកេរ្ដិ៍ ការបំពានលើសិទ្ធិឯកជន ឬក៏ការប្រមាថ និងបទញុះញង់ជាដើម។
ក្លឹបអ្នកកាសែតកម្ពុជា គឺជាក្លឹបឯករាជ្យ បម្រើផលប្រយោជន៍អ្នកសារព័ត៌មានទូទៅដើម្បីវិជ្ជាជីវៈ និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន និងការពារពួកគេពីការរំលោភបំពាននានា៕





