ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ច្បាប់​ចរាចរណ៍​ផ្លូវគោក នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

រដ្ឋាភិបាល បាន​ពិចារណា​លើ​ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក។

ក្រសួង​ពាក់ព័ន្ធ មាន​គម្រោង​បើក​កិច្ច​ពិភាក្សា​ជា​ផ្លូវការ លើក​ដំបូង លើ​ច្បាប់​ចរាចរណ៍ ដែល​កំពុង​ប្រើប្រាស់​នេះ​ដើម្បី​សម្រេច​ថា​តើ​មាត្រា​ណា​ខ្លះ​ឬ​ចំណុច​ណា​ខ្លះ​ដែល​គួរ​ធ្វើ​វិសោធនកម្ម។

កាលពី​ថ្ងៃ​សុក្រ​លោក​ព្រាប ច័ន្ទវិបុល ប្រធាន​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​​មាន​ប្រសាសន៍​ថា នាយកដ្ឋាន​របស់​លោក បាន​សរសេរ​លិខិត​មួយ​ច្បាប់ ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដើម្បី​កំណត់​កាលបរិច្ឆេទ​រៀបចំ​កិច្ច​ប្រជុំ​ជា​ផ្លូវការ ជាមួយ​ក្រសួង និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​ការ​រឹត​បន្តឹង ការ​ពាក់​មួក​សុវត្ថិភាព ការ​ផាក​ពិន័យ និង​បញ្ហា​ផ្សេងៗ​ទៀត។ លោក​បាន​លើក​ឡើង​ថា៖ «យើង​នឹង​អញ្ជើញ​មន្ត្រី​មកពី​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ និង​អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្សិក​មក​ចូលរួម​កិច្ច​ប្រជុំ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ដើម្បី​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ»។

លោក​បាន​បន្ថែម​ថា៖ «អ្វី​ដែល​យើង​នឹង​លើក​យក​មក​ពិភាក្សា​ដើម្បី​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​នោះ គឺ​ទាក់ទង​និង​ការ​ពាក់​មួក​សុវត្ថិភាព ដោយសារ​យើង​សង្កេត​ឃើញ​ថា អត្រា​ស្លាប់ នៅ​តែ​មាន​កម្រិត​ខ្ពស់​ដដែល»។ លោក​ព្រាប ច័ន្ទវិបុល បាន​សង្កត់​ធ្ងន់​ថា៖ «យើង​មិន​ត្រឹម​តែ​ចង់​ឲ្យ​អ្នក​បើកបរ​ពាក់មួក​សុវត្ថិភាព​នោះ​ទេ ប៉ុន្តែ​យើង​ក៏​ចង់​ឲ្យ​អ្នក​ជិះ​ពីក្រោយ​ពាក់មួក​ផង​ដែរ»។ លោក​បញ្ជាក់​ថា ៧០​ភាគរយ នៃ​អ្នក​បើក​ម៉ូតូ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ច្រើន​តែ​ត្រូវ​ត្រង់​ក្បាល។

លោក ហ៊ឹម យ៉ាន ប្រធាន​នាយកដ្ឋាន​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ពិចារណា អំពី​ការ​គាំទ្រ​គណៈកម្មាធិការ ដែល​ធ្វើការ​ពាក់ព័ន្ធ នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍ ដើម្បី​បង្កើន​ការ​ផាក​ពិន័យ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព។

លោក​បាន​ថ្លែង​ថា៖ «ការ​ផាក​ពិន័យ ៣ ពាន់​រៀល​ចំពោះ​ការ​មិន​ពាក់មួក​សុវត្ថិភាព គឺ​តិច​ពេក​ហើយ។ ការ​ផាក​ពិន័យ គួរ​ច្រើន​ជាង​នេះ។ ម្យ៉ាងវិញទៀត ការ​ផាក​ពិន័យ​ដូច​មាន​កំណត់​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​បាន​ចំនួន​តិចតួច​ពេក​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់​មិន​គោរព​ច្បាប់»។

យោង​តាម​លោក ហ៊ឹម យ៉ាន ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​លើ​ដង​ផ្លូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​កើន​ឡើង​ពី ១.៥៧២​នាក់ កាលពី​ឆ្នាំ​២០០៨ រហូត​ដល់ ១.៦៥៤ នាក់ នៅ​ឆ្នាំ​២០០៩ ហើយ​ការ​ពាក់មួក​សុវត្ថិភាព។

អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្សិក ដែល​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋាភិបាល ទាក់ទង​នឹង​កម្មវិធី​សុវត្ថិភាព​ផ្លូវ​ថ្នល់ បាន​នឹង​កំពុង​គាំទ្រ​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍ ដោយ​បង្កើន​ចំនួន​ប្រាក់​ពិន័យ សម្រាប់​អ្នក​បើកបរ​មិន​គោរព​ច្បាប់។

លោក​ មាស ចាន់ឌី មន្ត្រី​សម្របសម្រួល​គម្រោង​សុវត្ថិភាព​ផ្លូវ​ថ្នល់​របស់​អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្សិក បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ថា អង្គការ​របស់​លោក បាន​បញ្ជូន​លិខិត​ស្ដីពី​អនុសាសន៍ ឬ​ចំណុច​ដែល​ត្រូវ​កែសម្រួល នៅ​ក្នុង​ច្បាប់​នេះ ទៅ​ឲ្យ​ក្រសួង​រួចរាល់​ហើយ។ លោក​បាន​លើ​ឡើង​ថា៖ «ច្បាប់​នេះ បាន​តម្រូវ​ឲ្យ​តែ​អ្នក​បើកបរ​ពាក់មួក​សុវត្ថិភាព​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់បាន​នោះ ទាំង​អ្នក​បើកបរ ទាំង​អ្នក​ជិះ​ពីក្រោយ​ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព​ទាំងអស់​គ្នា»។ លោក​បាន​បន្ថែម​ថា តាម​ការ​អង្កេត​របស់​យើង គ្រាន់តែ​នៅ​ក្នុង​ខែ​សីហា​ឆ្នាំ​មុន​អ្នក​បើកបរ​បាន​ពាក់មួក​សុវត្ថិភាព​ប្រហែល​ជា​៨៥​ភាគរយ ប៉ុន្តែ​អ្នក​ជិះ​ពីក្រោយ​ពាក់​បាន​តែ​១០​ភាគរយ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា៖ «ការ​ធ្វើ​វិសោធនកម្ម​នេះ នឹង​ផ្លាស់ប្ដូរ​ទម្លាប់​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់ និង​មន្ត្រី​អនុវត្ត​ច្បាប់ សំដៅ​កាត់​បន្ថយ​អត្រា​ស្លាប់​និង​គ្រោះថ្នាក់»។

ទោះបី​ជា​អ្នក​បើកបរ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​បាន​កាន់តែ​ច្រើន​ក៏ដោយ​ប៉ុន្តែ​រដ្ឋាភិបាល​នៅ​តែ​យល់​ថា គុណភាព​មួក មិន​អាច​ធានា​ការពារ​ក្បាល​របស់​ពួកគេ​បាន​ឡើយ នៅ​ពេល​គ្រោះថ្នាក់​កើត​មាន​ឡើង​នោះ។ លោក ព្រាប ច័ន្ទវិបុល បាន​គូស​បញ្ជាក់​ថា ប្រកាស​ស្ដីពី​ការ​ប្រើប្រាស់​មួក​សុវត្ថិភាព​ត្រូវ​តាម​ស្តង់ដារ​កំណត់ ដែល​បាន​អនុម័ត​ក្នុង​ខែ​នេះ ដោយ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា (ISC) របស់​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ​ឲ្យ​អ្នក​បើកបរ​បាន​ជ្រាប​នៅ​ពេល​ខាងមុខ។ លោក​បាន​ឲ្យដឹង​ថា៖ «ប្រជាជន ត្រូវ​យល់ដឹង​អំពី​ការ​ប្រើប្រាស់​មួក​សុវត្ថិភាព ដែល​អាច​ការពារ​ក្បាល​របស់​ពួកគេ នៅ​ពេល​គ្រោះថ្នាក់​កើត​ឡើង។ មួក​សុវត្ថិភាព​មួយ​ចំនួន ដែល​ពួកគេ​កំពុង​ប្រើ មិន​មាន​គុណភាព​ល្អ​ឡើយ៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ដារ៉ារិទ្ធ  កាល​បរិច្ឆេទ៖ ច័ន្ទ 08 Feb 2010