ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

WHO ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ A/H1N1 ៣០​ម៉ឺន​ដូស​ដល់​កម្ពុជា

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ភ្នំពេញ៖ មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល​​ បាន​ឲ្យ​ដឹង​ថា​ ការ​ឆ្លង​រាលដាល​ជំងឺ​ផ្ដាសាយ​ ប្រភេទ​ថ្មី​ A/H1N1 ឡើង​ដល់​៤៤៤​ករណី​ហើយ​ ឯ​ចំណែក​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​មាន​ចំនួន​៤​នាក់​ដដែល។

លោក​ សុខ​ ទូច​ ប្រធាន​នាយកដ្ឋាន​​​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​ បាន​ប្រាប់​សារព័ត៌មាន​មាន​ដើមអម្ពិល​​តាម​ទូរស័ព្ទ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៩​ថា​ "អ្នក​ឆ្លង​ជំងឺ​ផ្ដាសាយ​ A/H1N1 ឡើង​ដល់​ ៤៤៤ករណី​ ដោយ​កាល​ពី​សប្ដាហ៍​មុន​មាន​ចំនួន​អ្នក​ឆ្លង ៣៩៤​នាក់"។

អង្គការ​សុខភាព​ពិភពលោក​នឹង​ផ្ដល់​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី​ A/H1N1 មាន​ចំនួន​ ៣០​ម៉ឺន​ដូស​

លោក​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បាន​ប្រាប់​​ដើមអម្ពិល​នៅ​ឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៩​ថា​ "អង្គការ​សុខភាព​ពិភពលោក​នឹង​ផ្ដល់​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​ផ្ដាសាយ​ A/H1N1 ចំនួន​៣០​ ម៉ឺន​ដូស​ដល់​កម្ពុជា"។ លោក​បាន​បន្ថែម​ថា​ ក្រសួង​សុខាភិបាល​មាន​គោលការណ៍​យក​វ៉ាក់សាំង​ប្រភេទ​ A/H1N1 នេះ​ទៅ​​ចាក់​ជូន​ជា​អាទិភាព​​ដល់​បុគ្គលិក​​សុខាភិបាល​​ ដែល​ធ្វើ​ការ​ជាមួយ​អ្នក​​ជំងឺ​​ប្រចាំ​ថ្ងៃ​ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ចាត់​ទុក​ថា​ ជា​អ្នក​អាច​រងគ្រោះ​ធ្ងន់ធ្ងរ​​នៅ​ពេល​ដែល​កើត​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី​នេះ​ និង​ចាក់​ជូន​ដល់​កុមារ​ពី​អាយុ​៦​ខែ​ ដល់​២​ឆ្នាំ​ ពីព្រោះ​ក្មេង​នៅ​តូច​ងាយ​នឹង​រងគ្រោះ។

លោក​ ម៉ម​ ប៊ុនហេង​ បាន​មាន​​​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ "ចំពោះ​វ៉ាក់សាំង​ ៣០​ម៉ឺនដូស​នេះ​ យើង​នឹង​អាច​ចាក់​ឲ្យ​កងកម្លាំង​​ការពារ​សន្តិសុខ​ជាតិ​ ដែល​រស់នៅ​រួម​គ្នា​និង​​ប្រជាជន​​មាន​​ជំងឺ​​សួត​រាំរ៉ៃ​ដូចជា​​ហឺត​ជា​ដើម"។ លោក​បន្ត​ថា​ វ៉ាក់សាំង​ចំនួន​ ៣០​ម៉ឺន​ដូស​ គឺ​មិន​គ្រប់គ្រាន់​​ទេ​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​លើក​ឡើង​ឲ្យ​ដឹង​ទៀត​ថា​ តំបន់​​ដែល​​អាទិភាព​ត្រូវ​ផ្ដល់​ឲ្យ​គឺ​នៅ​រាជធានី​ភ្នំពេញ​ ខេត្ត​កណ្ដាល​ កំពង់ស្ពឺ​ និង​ខេត្ត​សៀមរាប​ ដែល​ជា​តំបន់​ប៉ះពាល់​ធ្ងន់​ជាង​គេ។ នៅ​ពេល​បច្ចុប្បន្ន​នេះ​ក្រសួង​​សុខាភិបាល​កំពុង​រៀបចំ​ផែនការ​ដើម្បី​ធ្វើ​​ការ​បណ្ដុះបណ្ដាល​ដល់​គ្រូពេទ្យ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ផ្ដាសាយ​ប្រភេទ​ថ្មី​ A/H1N1 ជូន​ដល់​​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ។

ទាក់ទង​ទៅ​នឹង​វ៉ាក់សាំង​ A/H1N1 នេះ​លោក​សុខ​ ទូច​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ វ៉ាក់សាំង​​នេះ​នាំ​ចូល​​ដោយ​អង្គការ​​សុខភាព​​ពិភពលោក​ ដែល​​អង្គការ​ទទួល​បាន​ពី​ប្រទេស​អភិវឌ្ឍន៍​សម្រាប់​​ផ្ដល់​​ឲ្យ​​ប្រទេស​ក្រីក្រ​ ដែល​​គ្មាន​លទ្ធភាព​ទិញ។​ លោក​បន្ថែម​ថា​ នៅ​លើ​ពិភពលោក​មាន​ប្រទេស​ចំនួន​​៩៥​ ក្នុង​នោះ​រួម​មាន​ប្រទេស​​កម្ពុជា​ផង​ដែរ​ ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​ប្រទេស​ក្រីក្រ​ ដែល​ពុំ​មាន​លទ្ធភាព​ទិញ​វ៉ាក់សាំង A/H1N1 នេះ​ទេ។

លោក​ សុខ​ ទូច​ បាន​បញ្ជាក់​​ឲ្យ​ដឹង​ទៀត​ថា "វ៉ាក់សាំង​ប្រភេទ​នេះ​នឹង​មក​ដល់​កម្ពុជា​នៅ​ចុង​ខែ​វិច្ឆិកា​ ឬ​ដើម​ខែ​ធ្នូ​ ឆ្នាំ​២០០៩ មាន​ចំនួន​៣០​ម៉ឺន​ដូស​ ដែល​អង្គការ​​សុខភាព​ពិភពលោក​ផ្ដល់​ឲ្យ​ជា​ជំហាន​ដំបូង"៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ សុក្រ 20 Nov 2009