អ៊ីនធឺណិតសម្រាប់យុត្តិធម៌សង្គម និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
Internet for Social Justice and Sustainable Development
អំពីកតិកាសញ្ញានេះ
កតិកាសញ្ញានេះត្រូវបានបង្កើតឡើងជាលើកដំបូង នាឆ្នាំ២០០១-២០០២ ដោយសមាជិក របស់អង្គការ Association for Progressive Communications (APC) និងអង្គការដៃគូនានានៅ សិក្ខាសាលាស្តីអំពី «សិទ្ធិស្តីអំពីអ៊ីនធឺណិត» នៅអឺរុប អាស៊ី អាមេរិកឡាទីន និងអាហ្រ្វិក ។ ប្រធានបទ និងគោលការណ៍នានា ក្នុងកតិកាសញ្ញានេះ ផ្តល់នូវចំនុចសំខាន់ៗ នៃការយល់ឃើញ និងគោលបំណងរបស់សហគមន៍យើងខ្ញុំ អំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងស្ថាប័ននានា ក្នុងការប្រើប្រាស់អ៊ីនធឺណិតដោយសេរី ជាពិសេសក្នុងការងាររបស់ពួកគាត់ ដើម្បីយុតិ្តធម៌ក្នុងសង្គម សេដ្ឋកិច្ច និងបរិស្ថាន ។ យើងខ្ញុំសំដៅយ៉ាងជាក់លាក់ ទៅលើអ៊ីនធឺណិត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គោលការណ៍ទាំងនេះក៏ជាប់ពាក់ព័ន្ធផងដែរ ទៅគ្រប់ផ្នែកទាំងអស់ របស់បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា (រួមមាន ទូរស័ព្ទ វិទ្យុ និងផ្សេងៗទៀត) ។
ប្រធានបទទី១ ៖ ការចូលទៅកាន់អ៊ីនធឺណិត សំរាប់គ្រប់គ្នា
១.១. ផលប៉ះពាល់នៃការចូលទៅកាន់អ៊ីនធឺណិត ទៅលើការអភិវឌ្ឍន៍ និងយុត្តិធម៌សង្គម
អ៊ិនធឺណិតដែលអាចឲ្យគេមានលទ្ធភាពប្រើប្រាស់បាន មានល្បឿនលឿន និងមានភាពងាយស្រួលក្នុងការចូលទៅប្រើប្រាស់ អាចជួយធ្វើឱ្យសង្គមមានភាពកាន់តែស្មើគ្នាខ្លាំងឡើង ។ អ៊ិនធឺណិតអាចជួយពង្រឹងសេវាអប់រំ និងសុខភាព ពាណិជ្ជកម្មក្នុងស្រុក ការចូលរួមពីសាធារណជន ការទទួលបានព័ត៌មាន អភិបាលកិច្ចល្អ និងការលុបបំបាត់ភាពក្រីក្រ ។ ប៉ុន្តែយើងមិនគួរសន្មតថា រាល់ការច្នៃប្រឌិតខាងផ្នែកបច្ចេកវិទ្យា ជានិច្ចកាលគឺមានអត្ថប្រយោជន៍ដោយស្វ័យប្រវត្តិនោះទេ ។ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងបណ្តាទីភ្នាក់ងារកំណត់បទបញ្ញត្តិនានា គួរយល់ដឹងអំពីសក្តានុពលរបស់អ៊ីនធឺណិត ក្នុងការពង្រឹងលើភាពមិនស្មើគ្នា ដែលមានស្រាប់នៅក្នុងសង្គម ។
១.២. សិទ្ធិក្នុងការចូលទៅកាន់ហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិត ទោះបីអ្នករស់នៅទីកន្លែងណាក៏ដោយ
អ៊ិនធឺណិត គឺជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈពិភពលោកមួយ ។ ហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវតែផ្តល់ឲ្យបានទូលំទូលាយ និងផ្តល់នូវកំរិតបញ្ជូនគ្រប់គ្រាន់ ដែលនឹងអាចឲ្យប្រជាពលរដ្ឋ ទោះបីជានៅទីកន្លែងណាក៏ដោយ ក៏អាចប្រើប្រាស់សក្តានុពលនៃអ៊ិនធឺណិត ដើម្បីបញ្ចេញមតិយោបល់ ដើម្បីធ្វើឲ្យការរស់នៅមានភាពកាន់តែប្រសើរឡើង និងដើម្បីបង្ហាញអំពីការច្នៃប្រឌិតរបស់ខ្លួន ។ ប្រជាពលរដ្ឋមានសិទ្ធិប្រើប្រាស់ឆ្អឹងខ្នងនៃហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតជាតិ ដែលផ្តល់ឲ្យប្រើប្រាស់បានទូលំទូលាយ ហើយដែលហេដ្ឋារចនាសម្ព័ន្ធនេះតភ្ជាប់ទៅកាន់បណ្តាញអន្តរជាតិ ។
១.៣. សិទ្ធិនៃជំនាញ
ចំណេះដឹងនិងជំនាញ អាចធ្វើឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងកែច្នៃអ៊ីនធឺណិត ឲ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ខ្លួន ។ រដ្ឋាភិបាលនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ អង្គការអន្តរជាតិនិងសហគមន៍ និងវិស័យឯកជន ត្រូវគាំទ្រនិងជំរុញឲ្យមានឱកាសបណ្តុះបណ្តាល វិធីសាស្រ្តនិងធនធានដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់អ៊ីនធឺណិត ដោយតំលៃថោក ឬដោយឥតគិតថ្លៃ សំរាប់ការអភិវឌ្ឍន៍សង្គម ។
មាត្រា ២៦ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
ការអប់រំត្រូវតែផ្ដោតទៅរកការរីកចម្រើនលូតលាស់យ៉ាងពេញលេញ នៃបុគ្គលិកលក្ខណៈរបស់មនុស្ស និងឆ្ពោះទៅរកការភាពពង្រឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននានា ។
១.៤. សិទ្ធិ ក្នុងការចូលទៅកាន់ ផ្ទៃប្រទាក់ ខ្លឹមសារ និងកម្មវិធី ដែលអាចប្រើប្រាស់បាន សំរាប់គ្រប់គ្នា («ការកសាងដើម្បីទាំងអស់គ្នា»)
ផ្ទៃប្រទាក់ ខ្លឹមសារ និងកម្មវិធី ត្រូវរៀបចំឡើង ដើម្បីធានាឲ្យយកទៅប្រើប្រាស់បាន សំរាប់គ្រប់គ្នា រួមទាំងជនពិការខាងផ្នែករាងកាយវិញ្ញាណ ឬបញ្ញា ជនមិនចេះអក្សរ និងជននិយាយភាសាភាគតិច ។ គោលការណ៍នៃការកសាងដើម្បីទាំងអស់គ្នា និងការប្រើប្រាស់បច្ចេកវិទ្យាដែលមានលក្ខណៈជំនួយ គឺត្រូវជំរុញ និងគាំទ្រ ដើម្បីអនុញ្ញាតឲ្យជនពិការភាពនានា ទទួលបានអត្ថប្រយោជន៍ពេញលេញ និងក្នុងលក្ខណៈស្មើភាព ដូចជនដែលមិនពិការដែរ ។
១.៥. សិទ្ធិស្មើគ្នា រវាងបុរសនិងស្ត្រីក្នុងការចូលទៅប្រើប្រាស់អ៊ិនធឹណិត
នៅកន្លែងជាច្រើន ស្ត្រីនិងបុរសមិនមានភាពស្មើគ្នា ដើម្បីរៀន កំនត់ ចូលទៅកាន់ ប្រើប្រាស់ និងកែច្នៃអ៊ីនធឺណិតឡើយ ។ កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការចូលទៅកាន់អ៊ីនធឺណិត ត្រូវតែទទួលស្គាល់ និងកែតម្រូវវិសមភាពយេនឌ័រដែលមានស្រាប់ ។ ស្ត្រីត្រូវចូលរួមឲ្យបានពេញលេញ លើគ្រប់វិស័យទាំងអស់ ដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍អ៊ីនធឺណិត ដើម្បីធានាឲ្យមានសមភាពយេនឌ័រ ។
១.៦. សិទ្ធិមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត
អ្នករៀបចំគោលនយោបាយ និងអ្នកតាក់តែងច្បាប់ ត្រូវធានាថា ប្រជាពលរដ្ឋទាំងអស់មានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត ។ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការកំណត់បទបញ្ជា តំលៃ ពន្ធ និងតារាងតំលៃ គួរធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ដែលមានប្រាក់ចំណូលខុសៗគ្នា អាចប្រើប្រាស់អ៊ីនធឺណិតបាន ។
១.៧. សិទ្ធិក្នុងការប្រើប្រាស់អ៊ីនធឺណិតនៅកន្លែងធ្វើការ
ចំពោះមនុស្សភាគច្រើន កន្លែងធ្វើការគឺជាកន្លែងចំបង ឬជាកន្លែងតែមួយគត់ ក្នុងការប្រើប្រាស់អ៊ិនធឺណិត ។ និយោជិតនិងនិយោជក ត្រូវតែធ្វើឲ្យមាន ការប្រើប្រាស់អ៊ីនធឺណិតនៅកន្លែងធ្វើការ ដោយរួមបញ្ចូលទាំងគោលបំណងនៃកម្មវិធីអប់រំរបស់និយោជិត និងការពារសិទ្ធិរបស់និយោជិត ។
១.៨. សិទ្ធិក្នុងការប្រើប្រាស់អ៊ីនធឺណិតនៅកន្លែងសាធារណៈ
មនុស្សជាច្រើននឹងមិនទទួលបានការប្រើប្រាស់កុំព្យូទ័រ ឬអ៊ីនធឺណិតជាលក្ខណៈឯកជនឡើយ។ ដូចនេះទីកន្លែងសាធារណៈដូចជា ៖ មជ្ឈមណ្ឌលទូរគមនាគមន៍ បណ្ណាល័យ មជ្ឈមណ្ឌលសហគមន៍ គ្លីនិក និងសាលារៀន ត្រូវតែមានដែលទីតាំងទាំងនេះ គឺជាកន្លែងងាយស្រួល នៅជិតផ្ទះ ឬកន្លែងធ្វើការ ដែលជនគ្រប់រូបអាចចូលទៅប្រើប្រាស់បាន ។ នេះក៏ជាប្រការសំខាន់ចំពោះយុវជននៅបណ្តាប្រទេសនានា ដែលការប្រើប្រាស់អ៊ីនធឺណិត មិនទាន់អាចមានពេលលេញនៅឡើយ ឬមានតំលៃថ្លៃ ។
១.៩. សិទ្ធិក្នុងការទទួលនិងបង្កើតខ្លឹមសារ ដែលមានលក្ខណៈចំរុះ ខាងផ្នែកវប្បធម៌ និងភាសា
តំបន់បណ្តាញឧបករណ៍លើបណ្តាញ និងកម្មវិធីកុំព្យូទ័រ ត្រូវបានប្រើប្រាស់យ៉ាងលើសលប់ ជាអក្សរឡាតាំង ។ ប្រការនេះ ជះឥទ្ធិពលទៅលើការអភិវឌ្ឍន៍ខ្លឹមសារក្នុងតំបន់ ដែលមិនប្រើប្រាស់អក្សរឡាតាំង និងរារាំងលទ្ធភាព ក្នុងការផ្លាស់ប្តូរខ្លឹមសារដែលមានលក្ខណៈអន្តរវប្បធម៌ ។ ការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ត្រូវតែលើកទឹកចិត្តឲ្យមានភាសាផ្សេងៗនៅលើអ៊ីនធឺណិត និងធ្វើឲ្យមានភាពសាមញ្ញ ដល់ការផ្លាស់ប្តូរព័ត៌មាន ឆ្លងកាត់បញ្ហាផ្សេងៗ នៃភាសាដែលខុសៗគ្នា ។





