ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

31-08-2007 មូលនិធិ​អង្គការ​សហប្រជាជាតិ​សំរាប់​ការ​អភិវឌ្ឍន៍​ស្ត្រី


អនុម័ត​និង​បើក​ឱ្យ​ចុះ​ហត្ថលេខា ឱ្យ​សច្ចាប័ន​និង​ឱ្យ​ចូល​ជា​សមាជិក​តាម​​​​សេចក្ដី​​សម្រេច​ចិត្ត
លេខ​ ៣៤/១៨០ ចុះ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ​១៩៧៩ របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ

ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ៣ ខែ​កញ្ញា ឆ្នាំ​១៩៨១ ស្រប​តាម​បទ​បញ្ញត្តិ​មាត្រា ២៧ (១)

រដ្ឋ​ភាគី​នៃ​អនុសញ្ញា​នេះ

កត់​សំគាល់​ឃើញ​ថា​ ធម្មនុញ្ញ​សហ​ប្រជាជាតិ​អះអាង​ជា​ថ្មី នូវ​ជំនឿ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស លើ​សេចក្ដី​ថ្លៃថ្នូរ និង​តម្លៃ​មនុស្ស និង​លើ​សិទ្ធិ​ស្មើ​គ្នា​រវាង​បុរស​និង​ស្ត្រី។

កត់​សំគាល់​ឃើញ​ថា សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស បញ្ជាក់​នូវ​គោលការណ៍​មិន​រើសអើង និង​បាន​ប្រកាស​ថា មនុស្ស​គ្រប់​រូប​កើត​មក​មាន​សេរីភាព​និង​សមភាព ក្នុង​ផ្នែក​សេចក្ដី​ថ្លៃថ្នូរ​និង​សិទ្ធិ ហើយ​ថា​មនុស្ស​គ្រប់​រូប ត្រូវ​ទទួល​បាន​សិទ្ធិ​និង​សេរីភាព​ទាំង​អស់​ ដែល​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​នោះ ដោយ​គ្មាន​ការ​ប្រកាន់​បែង​ចែក​ណា​មួយ រួម​មាន​ការ​បែង​ចែក​ខាង​ផ្លូវ​ភេទ​ផង។

កត់​សំគាល់​ឃើញ​ថា​ រដ្ឋ​ភាគី​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​មនុស្ស​ មាន​កាតព្វកិច្ច​ធានា​សិទ្ធិ​ស្មើ​គ្នា​រវាង​បុរស​និង​ស្ត្រី ក្នុង​ការ​អាស្រ័យ​ផល​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ពលរដ្ឋ និង​នយោបាយ។

04-02-2008 មូលនិធិ​អង្គការ​សហប្រជាជាតិ​សំរាប់​ការ​អភិវឌ្ឍន៍​ស្ត្រី


គណៈកម្មាធិការ​​​បំបាត់​ការ​រើស​អើង​ប្រឆាំង​នឹង​​នារី​ភេទ
សម័យ​ប្រជុំ​លើក​ទី​៣៤

ថ្ងៃ​ទី​១៦ ខែ​មករា ដល់​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០០៦

១- គណៈកម្មាធិការ​បាន​ពិចារណា​លើ​របាយការណ៍​លើក​ដំបូង​ និង​តាម​កាល​កំណត់​លើក​ទី​ពីរ និង​លើក​ទី​បី (CEDAW/C/KHM/1-3) របស់​ប្រទេស​កម្ពុជា នា​សម័យ​ប្រជុំ​របស់​ខ្លួន​លើក​ទី​៧០៥​ និង​៧០៦ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០០៦ (សូម​មើល CEDAW/C/SR.705 និង706)។ បញ្ជី​បញ្ហា និង​សំណួរ​ផ្សេង​ៗ​របស់​គណៈកម្មាធិការ​មាន​នៅ​ក្នុងCEDAW/C/ KHM/Q/1-3 និង​ការ​ឆ្លើយតប​របស់​ប្រទេស​កម្ពុជា​មាន​នៅ​ក្នុង CEDAW/C/KHM/1-3/Add.1.

សេចក្ដី​ផ្ដើម៖
២- គណៈកម្មាធិការ​ស្ងើច​សរសើរ​ដល់​រដ្ឋ​ភាគី​ដែល​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ដោយ​គ្មាន​ខ​រក្សា​ទុក ហើយ​សរសើរ​​ផង​ដែរ ​ដល់​រដ្ឋ​ភាគី​ចំពោះ​របាយការណ៍​លើក​ដំបូង​ និង​តាម​កាល​កំណត់​លើក​ទី​ពីរ​និង​លើក​ទី​បី ដែល​បាន​អនុវត្ត​តាម​គោលការណ៍​ណែនាំ ​ទន្ទឹម​នឹង​នេះ​ គណៈកម្មាធិការ​ក៏​មាន​ការ​សោក​ស្ដាយ​ផង​ដែរ​ចំពោះ​ការ​យឺតយ៉ាវ។ គណៈកម្មាធិការ​ក៏​បាន​​សំដែង​នូវ​ការ​ស្ងើច​សរសើរ​ផង​ដែរ​ ដល់​រដ្ឋ​ភាគី​ចំពោះ​ការ​ឆ្លើយតប​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​នឹង​បញ្ជី​បញ្ហា​ និង​សំណួរ​ផ្សេង​ៗ ដែល​បាន​លើក​ឡើង​ដោយ​ក្រុម​ការងារ​មុន​សម័យ​ប្រជុំ និង​ចំពោះ​ការ​រាយការណ៍​ផ្ទាល់​មាត់​ និង​ការ​បញ្ជាក់​បំភ្លឺ​ឆ្លើយតប​ទៅ​នឹង​សំណួរ​ទាំង​ឡាយ ​ដែល​​គណៈកម្មាធិការ​បាន​ចោទ​សួរ​ផ្ទាល់​មាត់។