រដ្ឋាភិបាល បានពិចារណាលើការស្នើសុំធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់នេះ ឲ្យមានប្រសិទ្ធភាពបន្ទាប់ពីច្បាប់នេះត្រូវបានដាក់ឲ្យប្រើប្រាស់អស់រយៈពេលជាងពីរឆ្នាំមក។
ក្រសួងពាក់ព័ន្ធ មានគម្រោងបើកកិច្ចពិភាក្សាជាផ្លូវការ លើកដំបូង លើច្បាប់ចរាចរណ៍ ដែលកំពុងប្រើប្រាស់នេះដើម្បីសម្រេចថាតើមាត្រាណាខ្លះឬចំណុចណាខ្លះដែលគួរធ្វើវិសោធនកម្ម។
កាលពីថ្ងៃសុក្រលោកព្រាប ច័ន្ទវិបុល ប្រធាននាយកដ្ឋានចរាចរណ៍ផ្លូវគោកនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា នាយកដ្ឋានរបស់លោក បានសរសេរលិខិតមួយច្បាប់ ទៅកាន់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកំណត់កាលបរិច្ឆេទរៀបចំកិច្ចប្រជុំជាផ្លូវការ ជាមួយក្រសួង និងអង្គការមិនមែនរដ្ឋាភិបាល ដែលពាក់ព័ន្ធ ដើម្បីពិភាក្សាការរឹតបន្តឹង ការពាក់មួកសុវត្ថិភាព ការផាកពិន័យ និងបញ្ហាផ្សេងៗទៀត។ លោកបានលើកឡើងថា៖ «យើងនឹងអញ្ជើញមន្ត្រីមកពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងអង្គការជនពិការអន្តរជាតិបែលហ្សិកមកចូលរួមកិច្ចប្រជុំជាផ្លូវការ នៅថ្ងៃទី២២ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីការធ្វើវិសោធនកម្មច្បាប់នេះ»។
លោកបានបន្ថែមថា៖ «អ្វីដែលយើងនឹងលើកយកមកពិភាក្សាដើម្បីស្នើឲ្យមានការធ្វើវិសោធនកម្មនោះ គឺទាក់ទងនិងការពាក់មួកសុវត្ថិភាព ដោយសារយើងសង្កេតឃើញថា អត្រាស្លាប់ នៅតែមានកម្រិតខ្ពស់ដដែល»។ លោកព្រាប ច័ន្ទវិបុល បានសង្កត់ធ្ងន់ថា៖ «យើងមិនត្រឹមតែចង់ឲ្យអ្នកបើកបរពាក់មួកសុវត្ថិភាពនោះទេ ប៉ុន្តែយើងក៏ចង់ឲ្យអ្នកជិះពីក្រោយពាក់មួកផងដែរ»។ លោកបញ្ជាក់ថា ៧០ភាគរយ នៃអ្នកបើកម៉ូតូ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ច្រើនតែត្រូវត្រង់ក្បាល។
លោក ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាអគ្គស្នងការដ្ឋាននគរបាលជាតិ បានពិចារណា អំពីការគាំទ្រគណៈកម្មាធិការ ដែលធ្វើការពាក់ព័ន្ធ នឹងការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ ដើម្បីបង្កើនការផាកពិន័យអ្នកមិនពាក់មួកសុវត្ថិភាព។
លោកបានថ្លែងថា៖ «ការផាកពិន័យ ៣ ពាន់រៀលចំពោះការមិនពាក់មួកសុវត្ថិភាព គឺតិចពេកហើយ។ ការផាកពិន័យ គួរច្រើនជាងនេះ។ ម្យ៉ាងវិញទៀត ការផាកពិន័យដូចមានកំណត់នៅក្នុងច្បាប់ចរាចរណ៍បានចំនួនតិចតួចពេកធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវថ្នល់មិនគោរពច្បាប់»។
យោងតាមលោក ហ៊ឹម យ៉ាន ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវក្នុងព្រះរាជាណាចក្រកម្ពុជា បានកើនឡើងពី ១.៥៧២នាក់ កាលពីឆ្នាំ២០០៨ រហូតដល់ ១.៦៥៤ នាក់ នៅឆ្នាំ២០០៩ ហើយការពាក់មួកសុវត្ថិភាព។
អង្គការជនពិការអន្តរជាតិបែលហ្សិក ដែលសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ទាក់ទងនឹងកម្មវិធីសុវត្ថិភាពផ្លូវថ្នល់ បាននឹងកំពុងគាំទ្រដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ ដោយបង្កើនចំនួនប្រាក់ពិន័យ សម្រាប់អ្នកបើកបរមិនគោរពច្បាប់។
លោក មាស ចាន់ឌី មន្ត្រីសម្របសម្រួលគម្រោងសុវត្ថិភាពផ្លូវថ្នល់របស់អង្គការជនពិការអន្តរជាតិបែលហ្សិក បានបញ្ជាក់កាលពីថ្ងៃសុក្រកន្លងទៅនេះថា អង្គការរបស់លោក បានបញ្ជូនលិខិតស្ដីពីអនុសាសន៍ ឬចំណុចដែលត្រូវកែសម្រួល នៅក្នុងច្បាប់នេះ ទៅឲ្យក្រសួងរួចរាល់ហើយ។ លោកបានលើឡើងថា៖ «ច្បាប់នេះ បានតម្រូវឲ្យតែអ្នកបើកបរពាក់មួកសុវត្ថិភាពប៉ុណ្ណោះ ប៉ុន្តែអ្វីដែលយើងចង់បាននោះ ទាំងអ្នកបើកបរ ទាំងអ្នកជិះពីក្រោយត្រូវតែពាក់មួកសុវត្ថិភាពទាំងអស់គ្នា»។ លោកបានបន្ថែមថា តាមការអង្កេតរបស់យើង គ្រាន់តែនៅក្នុងខែសីហាឆ្នាំមុនអ្នកបើកបរបានពាក់មួកសុវត្ថិភាពប្រហែលជា៨៥ភាគរយ ប៉ុន្តែអ្នកជិះពីក្រោយពាក់បានតែ១០ភាគរយប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖ «ការធ្វើវិសោធនកម្មនេះ នឹងផ្លាស់ប្ដូរទម្លាប់អ្នកប្រើប្រាស់ផ្លូវថ្នល់ និងមន្ត្រីអនុវត្តច្បាប់ សំដៅកាត់បន្ថយអត្រាស្លាប់និងគ្រោះថ្នាក់»។
ទោះបីជាអ្នកបើកបរម៉ូតូពាក់មួកសុវត្ថិភាពបានកាន់តែច្រើនក៏ដោយប៉ុន្តែរដ្ឋាភិបាលនៅតែយល់ថា គុណភាពមួក មិនអាចធានាការពារក្បាលរបស់ពួកគេបានឡើយ នៅពេលគ្រោះថ្នាក់កើតមានឡើងនោះ។ លោក ព្រាប ច័ន្ទវិបុល បានគូសបញ្ជាក់ថា ប្រកាសស្ដីពីការប្រើប្រាស់មួកសុវត្ថិភាពត្រូវតាមស្តង់ដារកំណត់ ដែលបានអនុម័តក្នុងខែនេះ ដោយវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) របស់ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល នឹងត្រូវប្រកាសជាសាធារណៈឲ្យអ្នកបើកបរបានជ្រាបនៅពេលខាងមុខ។ លោកបានឲ្យដឹងថា៖ «ប្រជាជន ត្រូវយល់ដឹងអំពីការប្រើប្រាស់មួកសុវត្ថិភាព ដែលអាចការពារក្បាលរបស់ពួកគេ នៅពេលគ្រោះថ្នាក់កើតឡើង។ មួកសុវត្ថិភាពមួយចំនួន ដែលពួកគេកំពុងប្រើ មិនមានគុណភាពល្អឡើយ៕





