បាត់ដំបង៖ កសិករខ្មែរម្នាក់ដែលបានទៅសិក្សាលើវិស័យកសិកម្មនៅប្រទេសវៀតណាម បានរកឃើញវិធីសាស្ត្រផលិតម៉ាស៊ីនសម្ងួតផលិតផលកសិកម្មខ្លួនឯង។
លោក វ៉ាន់ ធី ដែលជាអ្នកផលិតម៉ាស៊ីនសម្ងួតនេះ បាននិយាយឲ្យដឹងថា មកទល់បច្ចុប្បន្ននេះលោកបានផលិតម៉ាស៊ីនសម្ងួតនេះបានជាច្រើនគ្រឿងទៅតាមការកុម្ម៉ង់ទិញពីអង្គការ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវនានា។ ម៉ាស៊ីនសម្ងួតនេះត្រូវការទំហំទីធ្លាប្រមាណជា២០០ម៉ែត្រក្រឡា ហើយវាអាចផ្ដល់នូវសីតុណ្ហភាពថេរប្រមាណពី៤២ទៅ៤៨អង្សាសេ។ ម៉ាស៊ីនសម្ងួតអាចសម្ងួតស្រូវបានរហូតដល់ទៅ៣០តោន ដោយប្រើថិរវេលាប្រមាណជា២៤ម៉ោងប៉ុណ្ណោះ។ ទន្ទឹមនឹងនេះលោកក៏អាចផលិតម៉ាស៊ីនសម្ងួតធុនតូចដែលអាចសម្ងួតស្រូវរហូតដល់១០តោន ហើយស៊ីពេលវេលាតែប្រមាណពី១០ ទៅ១២ម៉ោងផងដែរ។
លោក វ៉ាន់ ធី ក៏បានបន្ថែមទៀតដែរថា ម៉ាស៊ីនសម្ងួតប្រភេទនេះបានផ្ដល់ប្រយោជន៍ជាច្រើនផ្នែកសេដ្ឋកិច្ចដោយមិនត្រឹមមិនទាមទារនូវកម្លាំងពលកម្មច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សានូវឱជារសនិងការ មិនធ្វើឲ្យបាក់គ្រាប់អង្ករថែមទៀតផង។ ជាងនេះទៅទៀតម៉ាស៊ីននេះ មានលក្ខណៈពិសេសបន្ថែមដោយពុំបង្កឲ្យធុំក្លិនស្វែង និងមានជាប់នូវកម្ទេចផេះទៅនឹងផលិតផល ដែលយើងបានសម្ងួត។ ជាមួយនឹងការប្រើម៉ាស៊ីនសម្ងួតនេះ យើងអាចសម្ងួតនូវផលិតផលផ្សេងៗទៀតដូចជា ដំឡូង ពោត និងសណ្ដែកបានថែមទៀត។
ម៉ាស៊ីនសម្ងួតនេះ ផ្ដល់នូវគុណប្រយោជន៍ខ្ពស់ បើធៀបនឹងការសម្ងួតដោយប្រើកម្ដៅថ្ងៃតាមទម្លាប់បុរាណហើយវាជាម៉ាស៊ីនមួយដែលសក្ដិសមបំផុតជាមួយនឹងតម្រូវការនៃប្រជាកសិករយើងនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ។
អង្គការអេស អឹម អ៊ី ខេមបូឌាជាភាសាអង់គ្លេស SME Cambodia ក្រោមជំនួយឧបត្ថម្ភបច្ចេកទេសពីវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) បានសម្របសម្រួលជួយផលិតករខ្មែរជាពិសេសគឺលោក វ៉ាន់ ធី ដែលមានអាសយដ្ឋាននៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និងមានទូរស័ព្ទលេខ ០១២ ៦៨០ ៩០៤ បានទទួលការសិក្សាពីបច្ចេកទេសធ្វើម៉ាស៊ីនសម្ងួតនៅប្រទេសវៀតណាម។
កសិកម្មជាវិស័យចម្បងក្នុងចំណោមវិស័យផ្សេងៗសម្រាប់កម្ពុជា។ បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាផលិតបាននូវផលិតផលកសិផលជាច្រើន រួមមានគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ កាហ្វេ ម្រេច ថ្នាំជក់ និងផលិតផល បន្ទាប់បន្សំផ្សេងៗទៀត។ ទន្ទឹមនឹងនេះប្រជាជនមួយចំនួនក៏ទទួលបាននូវផលប្រយោជន៍ពីរបរនេសាទនៅតាមដងទន្លេមេគង្គ និងបឹងទន្លេសាបទៀតដែរ។ ប៉ុន្តែការស្ដុកទុកនូវផលិតផលកសិផលរបស់ប្រជាកសិករនៅមានកម្រិតនៅឡើយ ដោយពួកគេពុំទាន់អាចធ្វើឲ្យផលិតផលទាំងនោះរក្សាបាននូវគុណភាពរបស់វាបានរយៈពេលយូរ។
កន្លងមកប្រជាជនកម្ពុជាតែងតែសម្ងួតស្រូវដោយកម្ដៅថ្ងៃ ដែលជាវិធីសាមញ្ញ និងជាទម្លាប់ប្រពៃណីរបស់ពួកគេ។ពួកគេពុំបានដឹងទេថា វិធីសាស្ត្រនេះបានធ្វើឲ្យបាត់បង់នូវឱជារស ពណ៌សម្បុរគ្រាប់អង្ករ គុណភាព លទ្ធភាពដំណុះនៃគ្រាប់ស្រូវ និងការចំណាយពេលវេលាច្រើន។ ដូច្នេះហើយ ជម្រើសដ៏ប្រពៃក្នុងការកាត់បន្ថយការធ្លាក់ចុះគុណភាព និងតម្លៃនានានៃផលិតផលកសិផល ពិសេសស្រូវគឺការប្រើប្រាស់នូវម៉ាស៊ីនសម្ងួត៕




