ភ្នំពេញ៖ សហភាពអឺរ៉ុបបានផ្ដល់ថវិកាចំនួន ៥,៣លានអឺរ៉ូ (៧,៤លានដុល្លារ) ដល់អង្គការចំនួន៧ សម្រាប់គម្រោងសន្តិសុខស្បៀងថ្មី ដើម្បីជួយប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារការឡើងថ្លៃនៃម្ហូបឲ្យចាកផុតពីភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។
នាព្រឹកថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០១០ លោក រ៉ាហ្វាអែលដូចៅ ម៉ូរ៉េណូ (Rafael Dochao Moreno) ភារធារីនៃប្រតិភូគណៈកម្មការសហគមន៍អឺរ៉ុបនៅកម្ពុជាបានជួបប្រជុំជំហានដំបូងជាមួយអង្គការដៃគូដែលត្រូវអនុវត្តគម្រោងសន្តិសុខស្បៀងទាំង៧ ដែលផ្ដល់មូលនិធិដោយសហភាពអឺរ៉ុប។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា គម្រោងនេះ (ដែលក្នុងនោះគម្រោងចំនួន៣បានចាប់ផ្ដើមអនុវត្តកាលពីចុងឆ្នាំមុន) ធ្វើការផ្ដល់ការគាំទ្រដល់សកម្មភាពជាច្រើន រាប់ចាប់ពីការកែលម្អទម្លាប់ប្រកបកសិកម្មព្រៃឈើ និងត្រី រហូតដល់អន្តរាគមន៍សង្គម ដូចជាធានាធ្វើឲ្យប្រសើរឡើងនូវការថែទាំ និងគាំពារសុខភាពមាតា និងកុមារ និងលើកកម្ពស់ឱកាសប្រើប្រាស់ទឹកស្អាតនិងអនាម័យ។ គម្រោងទាំងនេះទ្រទ្រង់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងភាពអត់ឃ្លាន ហើយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដោយសារអតិផរណានៃថ្លៃទំនិញ។
លោក រ៉ាហ្វែលដូចៅ ម៉ូរ៉េណូ បានថ្លែងថា "ក្រោមការប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់ដៃគូទាំងអស់ខ្ញុំសង្ឃឹមថា កសិករក្រីក្រកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារការឡើងថ្លៃនៃម្ហូបអាហារ និងមានលទ្ធភាពរួចចាកផុតពីភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រជាមិនខាន"។
លោកបានបន្តថា ក្នុងពេលបច្ចុប្បន្ននេះ សហភាពអឺរ៉ុបគាំទ្រគម្រោងសន្តិសុខស្បៀងកំពុងដំណើរការចំនួន២៤គម្រោង ដែលមានទឹកប្រាក់សរុបជាង២៥,៥លានអឺរ៉ូហើយ បានបន្ថែមចំនួន២លានអឺរ៉ូទៀត សម្រាប់គាំទ្រដល់គម្រោងថ្មីៗដែលពាក់ព័ន្ធនឹងសន្តិសុខស្បៀងដែលការគាំទ្រដល់គម្រោងថ្មីៗដែលពាក់ព័ន្ធនឹងសន្តិសុខស្បៀងដែលការគាំទ្រនេះនឹងធ្វើឡើងតាមរយៈការប្រកាសឲ្យដាក់សំណើសុំថវិកាសម្រាប់ឆ្នាំ២០១០។
គួររំលឹកថា អង្គការដែលត្រូវបានជ្រើសរើសអនុវត្តគម្រោងមានអង្គការទស្សនៈពិភពលោកនឹងធ្វើការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រភាពអត់ឃ្លាន និងការខ្វះអាហារូបត្ថម្ភនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលមានទឹកប្រាក់ចំនួន ១.៣៨៥,៣៨២ អឺរ៉ូសម្រាប់រយៈពេល៤ឆ្នាំ។ អង្គការ VSF-CICDA នឹងប្រើមូលនិធិនេះសម្រាប់ពង្រឹងសមត្ថភាពរបស់អង្គការកសិករ រួមទាំងសហករណ៍ និងរចនាសម្ព័ន្ធ ដែលមានស្រាប់ក្នុងក្រុមប្រឹក្សា ឃុំសង្កាត់ ទឹកភ្នាក់ងារផ្សព្វផ្សាយកសិកម្មថ្នាក់ស្រុក ដែលមានទឹកប្រាក់ចំនួន ១.២២៧.៩១០អឺរ៉ូ សម្រាប់រយៈពេល៣ឆ្នាំ។ អង្គការ Health Limited នឹងធ្វើការដើម្បីកាត់បន្ថយអសន្ដិសុខស្បៀង និងភាពងាយរងគ្រោះ ដោយសារអសន្ដិសុខស្បៀង ដែលកំពុងវាយប្រហារមកលើកកសិករក្រីក្រជនជាតិដើមភាគតិច និងសហគមន៍ជនជាតិនៅខេត្តមណ្ឌលគិរី និងរតនគិរី ដែលមានទឹកប្រាក់ចំនួន ៨១៣.៤០៤អឺរ៉ូ សម្រាប់រយៈពេល៤ឆ្នាំ។ អង្គការ CEDAC ទទួលបានថវិកាសម្រាប់ធ្វើការលើកកម្ពស់សន្តិសុខស្បៀងសម្រាប់គ្រួសារដែលងាយរងគ្រោះក្នុងខេត្តព្រៃវែងដែលមានទឹកប្រាក់ចំនួន ៥៧៣.៣០៤អឺរ៉ូសម្រាប់រយៈពេល៣ឆ្នាំ។ អង្គការ Hellen Keller International នឹងប្រើប្រាក់មូលនិធិនេះដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អាហារូបត្ថម្ភ និងស្ថានភាពសុខភាពរបស់ស្ត្រី និងកុមារតូចៗព្រមទាំងលើកកម្ពស់សន្តិសុខស្បៀងដល់ គ្រួសារងាយរងគ្រោះនៅស្រុក៤របស់ខេត្តរតនគិរី ដែលមានទឹកប្រាក់ចំនួន ៤៤៤.៤៨២អឺរ៉ូ សម្រាប់រយៈជាង២ឆ្នាំ។ អង្គការ CEDAC នឹងធ្វើការដើម្បីធានានិរន្តរភាពកសិករ និងក្រុមជនងាយរងគ្រោះ ជាពិសេសស្ត្រីដើម្បីលើកកម្ពស់លក្ខខណ្ឌសេដ្ឋកិច្ចសហប្រតិបត្តិការសង្គមតាមរយៈការលើកកម្ពស់ផលិតកម្មចំណីអាហារ និងប្រាក់ចំណូល ក៏ដូចជាតាមរយៈការធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសង្គម។ ដែលមានទឹកប្រាក់ចំនួន ៣៥០.០០០អឺរ៉ូសម្រាប់រយៈពេលជាង២ឆ្នាំ។ អង្គការ Deutsche Welthungerhife EV (WHH) នឹងធ្វើការលើកកម្ពស់សន្ដិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ស្ត្រី និងប្រជាពលរដ្ឋក្រីក្រនៅជនបទក្នុងស្រុកគោលដៅចំនួន២របស់ខេត្តរតនគិរី និងសម្រាប់ពង្រឹងការចូលរួមរបស់ស្ត្រី និងប្រជាពលរដ្ឋក្រីក្រក្នុងការសម្រេចចិត្តនៅកម្រិតមូលដ្ឋានដែលមានទឹកប្រាក់ចំនួន៤៥០.០០០អឺរ៉ូសម្រាប់រយៈពេល២ឆ្នាំ៕





