ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

បើ​មាន​ជាតិ​​​ក្រោយ​ទៀត ​ខ្ញុំ​ចង់​រៀបការ​ជាមួយ​បុរស​​ជនជាតិ​ខ្មែរ​គ្នា​ឯង

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

* ស្ត្រី​ខ្មែរ​យក​ប្ដី​បុរស​តៃវ៉ាន់​ ២.៥០០​នាក់​មិន​ទាន់​ទទួល​បាន​សញ្ជាតិ​តៃវ៉ាន់

ស្ត្រី​ខ្មែរ​រៀបការ​ជាមួយ​បុរស​តៃវ៉ាន់​ តវ៉ា​មុខ​ក្រសួង​ការ​បរទេស​តៃវ៉ាន់​ ក្នុង​ក្រុង​តៃប៉ិ​ កាល​ពី​ខែ​មីនា​ឆ្នាំ​២០០៧​ សុំ​ឲ្យ​ផ្ដល់​សញ្ជាតិ​ដល់​ពួកគេ​ (រូបថត​កាសែត​តៃប៉ិថែម)ភ្នំពេញ៖ កាល​ពី​ជាង​១០​ឆ្នាំ​មុន​ សំណាង​ បាន​សម្រេច​ចិត្ត​ថា​នឹង​​ត្រូវ​រំដោះ​​​ខ្លួន​ពី​ការងារ​ស៊ី​ឈ្នួល​ដក​ស្ទូង​ និង​ច្រូត​ស្រូវ​​ឲ្យ​គេ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ដ៏​សែន​លំបាក​ នៅ​ឃុំ​ស្ដៅ​ ស្រុក​កងមាស​ ខេត្ត​កំពង់ចាម​ ដោយ​រំពឹង​ថា​ នឹង​មាន​​ជីវភាព​ធូរធារ​ នៅ​ពេល​ដែល​មេ​ខ្យល់​ម្នាក់​ណែនាំ​ឲ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​តៃវ៉ាន់​ ដែល​គេ​ប្រាប់​ថា​ ជា​អ្នក​មាន​ស្ដុកស្ដម្ភ​ម្នាក់។

សំណាង​សង្ឃឹម​ថា​ ក្រោយ​ពី​រៀបការ​ នាង​នឹង​បាន​​ប្រាក់​ជួយ​ផ្គត់ផ្គង់​ជីវភាព​ឪពុកម្ដាយ​ចាស់​ជរា​របស់​នាង​​ពេល​ដែល​នាង​ទៅ​រស់នៅ​កោះតៃវ៉ាន់។ ប៉ុន្តែ​សេចក្ដី​​សង្ឃឹម​ទាំង​ប៉ុន្មាន​ត្រូវ​រលាយ​សាបសូន្យ​ ដោយ​ទី​បំផុត ​សំណាង​ បាន​​ក្លាយ​ជា​អ្នក​​ធ្វើ​ការ​រក​លុយ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ខាង​ប្ដី​នៅ​តៃវ៉ាន់​ទៅ​វិញ។

ទោះ​បី​ជា​យ៉ាង​ណា​ សំណាង​មិនមែន​​ជា​នារី​ខ្មែរ​តែ​ម្នាក់​ដែល​ក្លាយ​​ខ្លួន​ជា​ជនរងគ្រោះ ​​ដោយ​ការ​រៀបការ​ឆ្លង​ដែន​ជាមួយ​ជនជាតិ​តៃវ៉ាន់​ និង​កូរ៉េ​នោះ​ឡើយ។

តាមរយៈ​ការ​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​ថា​ ស្ត្រី​ខ្មែរ​ដែល​រៀបការ​ជាមួយ​បុរស​ជនជាតិ​តៃវ៉ាន់​ និង​កូរ៉េ​ត្រូវ​​បាន​គេ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ និង​ជួញដូរ​ផ្លូវ​ភេទ​ ដែល​ជា​អំពើ​ខុស​ច្បាប់​កើត​ឡើង​ជា​ប្រព័ន្ធ។

សម្ដេច​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​មាន​​ប្រតិកម្ម​ កាល​ពី​ខែ​​មីនា​ឆ្នាំ​២០០៨​ថា​ "ពី​មុន​មាន​ការ​ឆបោក​​កុមារ​នៅ​ជនបទ​មក​ទី​ក្រុង​ ដើម្បី​ធ្វើ​ការងារ​ តែ​ពួក​គេ​ក្លាយ​ជា​ជនរងគ្រោះ។ ឥឡូវ​មាន​ការ​​បោក​ប្រាស់​មួយ​ប្រភេទ​ទៀត​ តាម​របៀប​រៀប​អាពាហ៍ពិពាហ៍​​ទៅ​ក្រៅ​​ប្រទេស។

សំណាង​ ជា​ឈ្មោះ​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​អ្នក​កាសែត​ដាក់​ឲ្យ​ដើម្បី​ការពារ​កិត្តិយស​ និង​សុវត្ថិភាព​របស់​នាង​ បាន​ផ្ដល់​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ពី​កោះ​តៃវ៉ាន់​ កាល​ពី​ថ្ងៃ​ទី​២៣​ខែ​ធ្នូ​ឆ្នាំ​២០០៩។ នាង​បាន​​រៀបរាប់​ពី​ជីវិត​របស់​នាង​​ពេល​ដែល​រៀបការ​ហើយ​ទៅ​រស់នៅ​ជាមួយ​ប្ដី​នៅ​តៃវ៉ាន់។

សំណាង​ បាន​រៀបរាប់​ថា​ កាល​ពី​ជាង​​១០​ឆ្នាំ​មុន​ នាង​បាន​រៀបការ​ជាមួយ​​បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់​អាយុ​៤២​ឆ្នាំ​ ដែល​ជា​បុរស​ពោះ​ម៉ាយ​មាន​កូន​ពីរ​នាក់​ នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ព្រែក​លៀប​ តាម​ការ​រៀបចំ​របស់​មេ​ខ្យល់។ ក្រោយ​ពេល​រៀបការ​បាន​រយៈពេល​មួយ​សប្ដាហ៍ នាង​​បាន​ជិះ​យន្តហោះ​ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​នាង​​ និង​ពោរពេញ​ដោយ​​ក្ដី​សង្ឃឹម​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​រស់នៅ​ជាមួយ​ប្ដី​នៅ​កោះតៃវ៉ាន់។

នាង​និយាយ​ថា​ "មុន​ដំបូង​ខ្ញុំ​គិត​ថា​ ខ្ញុំ​មាន​សំណាង​ជាង​គេ​ក្នុង​ចំណោម​ស្ត្រី​រស់នៅ​​ភូមិ​ស្រុក​ជាមួយ​គ្នា"។ សំណាង​និយាយ​បន្ត​ថា​ រយៈពេល​មួយ​ឆ្នាំ​ដំបូង​​ដែល​​រស់នៅ​​តៃវ៉ាន់​នាង​ឧស្សាហ៍​ផ្ញើ​ប្រាក់​​ពី​តៃវ៉ាន់​ឲ្យ​ឪពុក​ម្ដាយ​ជា​ញឹកញាប់​រហូត​សង់​ផ្ទះ​​ថ្មី​បាន។

ចាប់​តាំង​ពី​នាង​ទៅ​រស់នៅ​តៃវ៉ាន់​ សំណាង​និយាយ​ថា​ ជា​ញឹកញាប់​នាង​តែងតែ​ទទូច​ចង់​បាន​កូន​ ប៉ុន្តែ​ប្ដី​របស់​នាង​តែ​បដិសេធ​មិន​ឲ្យ​នាង​ទុក​កូន​ ដោយ​រក​មូលហេតុ​ផ្សេង។ ក្រោយ​មក​ទើប​នាង​​ដឹង​ថា​ មូលហេតុ​ដែល​ប្ដី​របស់​នាង​មិន​ឲ្យ​នាង​មាន​កូន​ ដោយសារ​នៅ​ពេល​ដែល​ប្ដី​របស់​នាង ​បាន​បង្ខំ​ឲ្យ​នាង​ទៅ​ធ្វើការ​នៅ​រោងចក្រ​ដើម្បី​យក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ខាង​ប្ដី​​ដែល​​មាន​សមាជិក​៥​នាក់។

ទោះ​បី​ជា​នាង​បាន​រស់នៅ​កោះតៃវ៉ាន់​រយៈពេល​ជាង​ដប់​ឆ្នាំ​ហើយ​ក៏​ដោយ​ នាង​និយាយ​ថា​ រហូត​មក​ដល់​ពេល​នេះ​ នាង​ពុំ​ទាន់​​ទទួល​បាន​សញ្ជាតិ​តៃវ៉ាន់​នៅ​ឡើយ​ ដោយសារ​តែ​ប្ដី​របស់​នាង​មិន​ព្រម​​ឲ្យ​នាង​ចុះ​ឈ្មោះ​ចូល​សញ្ជាតិ​ ព្រោះ​ខ្លាច​ពេល​ដែល​នាង​បាន​ទទួល​សញ្ជាតិ​ហើយ​ នាង​រត់​ចេញពី​ផ្ទះ​អត់​មាន​អ្នក​ណា​រក​លុយ​ចិញ្ចឹម​គ្រួសារ​នៅ​តៃវ៉ាន់។

រឿងរ៉ាវ​របស់​សំណាង​មិនមែន​គ្រាន់​តែ​​ធ្វើ​ឲ្យ​ខ្លួន​នាង​ស្ដាយ​​ក្រោយ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​គ្រួសារ​របស់​នាង​នៅ​ស្រុក​ខ្មែរ​ ក៏​មាន​វិប្បដិសារី​ដែរ។

ម្ដាយ​របស់​នាង​អាយុ​៦០​ឆ្នាំ​​ដែល​រស់នៅ​ឃុំ​ស្ដៅ​ បាន​និយាយ​ថា​ គាត់​បាន​ដឹង​ពី​ការ​លំបាក​របស់​កូន​គាត់​ដែល​រស់នៅ​តៃវ៉ាន់​ ហើយ​មាន​ការ​អាណិត​កូន​ស្រី​របស់​គាត់​ជា​ខ្លាំង។

អ្នកស្រី​បាន​រំលឹក​រឿង​កន្លង​មក​ថា​ គ្រួសារ​របស់​គាត់​មាន​ជីវភាព​ខ្វះខាត​ ដោយសារ​មិន​មាន​ដីស្រែ​ធ្វើ​នឹង​គេ​ ហើយ​គាប់​ជួន​​មាន​មេខ្យល់​មក​បញ្ចុះបញ្ចូល​​ឲ្យ​កូនស្រី​របស់​គាត់​យក​ប្ដី​ជនជាតិ​តៃវ៉ាន់​ គាត់​ក៏​យល់ព្រម​ ដោយ​រំពឹង​ថា​ នឹង​ជួយ​ឲ្យ​គាត់​មាន​ជីវភាព​ធូរធារ។ ប៉ុន្តែ​នេះ​ជា​ការ​យល់​ខុស​ដូចជា​កូន​របស់​គាត់​ដែរ។

ក្រៅ​​ពី​សំណាង​ នៅ​មាន​នារី​ខ្មែរ​ជា​ច្រើន​នាក់​ទៀត​ដែល​ត្រូវ​រស់​រង​ទុក្ខវេទនា​ ធ្វើការ​តាម​រោងចក្រ​រក​លុយ​ចិញ្ចឹម​គ្រួសារ​ខាង​ប្ដី​ជនជាតិ​​តៃវ៉ាន់​នោះ។ ហើយ​មាន​ស្ត្រី​ខ្មែរ​ជា​ច្រើន​ទៀត​កំពុង​តែ​ត្រូវ​ទទួល​រង​ការ​កេងប្រវ័ញ្ច​ទាំង​កម្លាំង​ពលកម្ម​ និង​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ។

អ្នកស្រី​ ឡុង​ ស៊ីថា​ អាយុ​៥៥​ឆ្នាំ​ដែល​រស់នៅ​ក្នុង​ឃុំ​ស្ដៅ​ដែរ​ ហើយ​បាន​ឲ្យ​កូន​របស់​គាត់​រៀបការ​​ជាមួយ​បុរស​ជនជាតិ​តៃវ៉ាន់​ដែរ​នោះ​ បាន​​និយាយ​ថា​ គាត់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ពេល​ឃើញ​កូន​រៀបការ​ជាមួយ​ប្ដី​ចិន​តៃវ៉ាន់​នោះ​ បើ​​ទោះ​ជា​ពិធី​ការ​នោះ​មិន​មាន​លក្ខណៈ​ធំ​ដុំ​ និង​បាន​ទទួល​ថ្លៃ​ទឹក​ដោះ​ត្រឹម​តែ​៣០០​ដុល្លារ​អាមេរិក​ក៏ដោយ។ អ្នក​ស្រី​និយាយ​ថា ​គាត់​គិត​ថា​ កូន​របស់​​គាត់​មាន​សំណាង​បាន​ប្ដី​ទៅ​រស់​ស្រុក​គេ ដោយ​គាត់​តែង​និយាយ​អួត​ប្រាប់​​អ្នក​ជិត​ខាង។ ប៉ុន្តែ​​ឥឡូវ​គាត់​គ្មាន​ពាក្យ​អ្វី​និយាយ​ទៀត​ទេ​ ក្រៅ​​តែ​ពី​អាណិត​កូន។

អ្នក​ស្រី ​ឡុង​ ស៊ីថា​ និយាយ​ថា​​ "កូន​ប្រសា​ខ្ញុំ​មាន​​ស្រី​ថ្មី​ ហើយ​គេ​ចាត់​ទុក​កូន​ស្រី​របស់​ខ្ញុំ​ដូចជា​​អ្នក​បម្រើ​នៅ​ក្នុង​ផ្ទះ​តែ​ប៉ុណ្ណោះ"។

  • ស្ត្រី​ខ្មែរ​​យក​ប្ដី​បុរស​តៃវ៉ាន់​២.៥០០​នាក់​មិន​ទាន់​ទទួល​បាន​សញ្ជាតិ​តៃវ៉ាន់​

យោង​តាម​វ៉ិបសាយ​ តៃប៉ិថែម​ (TAIPEI TIMES) បាន​ឲ្យ​ដឹង​ថា​ កាល​​ពី​ខែ​មីនា​ឆ្នាំ​២០០៧​ ស្ត្រី​ខ្មែរ​មួយ​​ក្រុម​ដែល​បាន​រៀបការ​ជាមួយ​បុរស​តៃវ៉ាន់​បាន​ជួបជុំ​គ្នា​តវ៉ា​នៅ​​​មុខ​ក្រសួង​​ការ​បរទេស​តៃវ៉ាន់​ក្នុង​ទីក្រុង​តៃប៉ិ​ដោយ​តវ៉ា​ជាមួយ​ក្រសួង​ការបរទេស​តៃវ៉ាន់​ថា​ បាន​រារាំង​មិន​ឲ្យ​ពួក​គេ​ទទួល​សញ្ជាតិ​តៃវ៉ាន់។

តៃប៉ិ​ ថែម​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ខ្មែរ​ប្រមាណ​ ២.៨០០​នាក់​នៅ​ឆ្នាំ​២០០៧​ដែល​បាន​រៀបការ​ជាមួយ​​បុរស​តៃវ៉ាន់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​នៅ​មិនទាន់​ទទួល​បាន​សញ្ជាតិ​ជា​តៃវ៉ាន់​នៅ​ឡើយ។

យោង​តាម​ច្បាប់​សញ្ជាតិ​របស់​តៃវ៉ាន់​តម្រូវ​ជនជាតិ​បរទេស​អាច​ស្នើ​សុំ​​ចូល​សញ្ជាតិ​​តៃវ៉ាន់​បាន​ លុះត្រា​មាន​ការ​បញ្ជាក់​ទទួល​ស្គាល់​សញ្ជាតិ​ពី​ប្រទេស​ដើម​របស់​ខ្លួន​ជា​មុន​សិន។

តៃប៉ិ​ ថែម​ បាន​ដកស្រង់​សម្ដី​ស្ត្រី​អ្នក​នាំ​ពាក្យ​រង​ក្រសួង​ការបរទេស​តៃវ៉ាន់​ថា​ ស្ត្រី​កម្ពុជា​​ភាគច្រើន​ដែល​ដាក់​ពាក្យ​​ស្នើ​ចូល​សញ្ជាតិ​តៃវ៉ាន់​នោះ​ គឺ​​ភាគ​ច្រើន​ប្រើ​សំបុត្រ​អាពាហ៍ពិពាហ៍​ក្លែងក្លាយ។

លោកស្រី​ ជូ​ ប៊ុនអេង​ អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ មាន​ប្រសាសន៍​ថា​ តាម​គោលការណ៍​របស់​រដ្ឋាភិបាល​ អាជ្ញាធរ​កម្ពុជា​មិន​អាច​ចេញ​​សំបុត្រ​អាពាហ៍ពិពាហ៍​ដល់​ស្ត្រី​ដែល​រៀបការ​ជាមួយ​បុរស​តៃវ៉ាន់​បានទេ។ លើស​​ពី​នេះ​ទៅ​ទៀត​ អាជ្ញាធរ​កម្ពុជា​មិន​អាច​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​ដែល​រៀបការ​ជាមួយ​បុរស​តៃវ៉ាន់​បាន​ទេ។

លោកស្រី​ ជូ​ ប៊ុនអេង​ មាន​ប្រសាសន៍​ទៀត​ថា​ កន្លង​មក​អាជ្ញាធរ​កម្ពុជា​អាច​​ជួយ​ស្ត្រី​ខ្មែរ​ទាំងនោះ​ដោយ​ប្រយោល​ ដោយ​គាំទ្រ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ដែល​ធ្វើ​សកម្មភាព​ជួយ​ស្ត្រី​ខ្មែរ​នៅ​ប្រទេស​តៃវ៉ាន់​នេះ។

លោកស្រី​ ជូ​ ប៊ុនអេង​ មាន​ប្រសាសន៍​ទៀត​ថា​ កន្លង​មក​អាជ្ញាធរ​កម្ពុជា​​បាន​ស្នើ​សុំ​អាជ្ញាធរ​ប្រទេស​ចិន​តាមរយៈ​ស្ថានទូត​ចិន​នៅ​កម្ពុជា​ឲ្យ​ជួយ​ស្ត្រី​ខ្មែរ​ដែល​កំពុង​រស់នៅ​លើ​កោះ​តៃវ៉ាន់​ ហើយ​ស្ថានទូត​ចិន​ក៏​បាន​សន្យា​ថា​នឹង​ជួយ​ស្ត្រី​ខ្មែរ​ទាំង​នោះ​ដែរ។

ទី​ភ្នាក់ងារ​ អេភី បាន​ដកស្រង់​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជួយ​ស្ត្រី​មាន​វិបត្តិ​តាមរយៈ​បេសកកម្ម​ស្វែង​រក​ការ​ពិត​មួយ​កាល​ពី​ឆ្នាំ​២០០៦​បាន​ឲ្យ​ដឹង​ថា​ មាន​ស្ត្រី​កម្ពុជា​ប្រមាណ​៥២១៩​នាក់​កំពុង​រស់​កោះ​តៃវ៉ាន់។

អ្នក​យក​ព័ត៌មាន​មិន​សុំ​សេចក្ដី​បញ្ជាក់​ពី​មជ្ឈមណ្ឌល​ជួយ​ស្ត្រី​មាន​វិបត្តិ​នៅ​ភ្នំពេញ​បាន​នៅ​ឡើយ​ ដោយ​អ្នក​ទទួល​ទូរស័ព្ទ​របស់​មជ្ឈមណ្ឌល​នេះ​សូម​ឲ្យ​អ្នក​យក​ព័ត៌មាន​ដាក់​ពាក្យ​ស្នើ​សុំ​ជា​​មុន។

លោកស្រី ​លឹម​ មុនី​ ប្រធាន​​កម្មវិធី​ស្ត្រី​នៃ​សមាគម​អាដហុក ​មាន​ប្រសាសន៍​ថា​ កន្លង​មក​​មាន​គណៈប្រតិភូ​ស្ត្រី​កម្ពុជា​នៃ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​​ហើយ​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​កោះ​តៃវ៉ាន់។

លោកស្រី​​ លឹម​ មុនី​ មាន​ប្រសាសន៍​ទៀត​ថា​ ក្នុង​ជំនួប​នោះ​ លោក​ប្រធានាធិបតី​កោះតៃវ៉ាន់​បាន​ទទួល​ស្គាល់​ថា​ ស្ត្រី​ខ្មែរ​ដែល​រៀបការ​ជាមួយ​បុរស​តៃវ៉ាន់​ចំនួន​២.៥០០​នាក់​ ក្នុង​ចំណោម​ស្ត្រី​ខ្មែរ​ជាង​៥.០០០​នាក់​នៅ​មិន​ទាន់​​ទទួល​ឲ្យ​​ចូល​សញ្ជាតិ​តៃវ៉ាន់​នៅ​ឡើយ។

លោកស្រី​ លឹម​ មុនី​ បាន​មាន​ប្រសាសន៍​ថា​ ប្រធានាធិបតី​កោះតៃវ៉ាន់​បាន​សន្យា​ថា​ នឹង​រក​​ដំណោះស្រាយ​​ដើម្បី​ឲ្យ​ស្ត្រី​ខ្មែរ​ទាំង​​នោះ។

សម្រាប់​សំណាង​ទោះ​បី​ជា​មាន​ការ​សន្យា​ពី​ប្រធានាធិបតី​តៃវ៉ាន់​ តៃវ៉ាន់​ក្នុង​ការ​ជួយ​ឲ្យ​ស្ត្រី​ខ្មែរ​ប្រមាណ២.៥០០​នាក់​ទទួល​បាន​សញ្ជាតិ​តៃវ៉ាន់​ក៏​ដោយ​ ក៏​នាង​​មិន​ងាយ​នឹង​ទទួល​បាន​ទេ​ ​ដោយសារ​សូម្បី​តែ​នាង​ចង់​ទៅ​ដាក់​​ស្នើ​សុំ​សញ្ជាតិ​តៃវ៉ាន់​នោះ​ ក៏​ប្ដី​របស់​នាង​មិន​យល់​ព្រម​ផង។

ទោះ​បី​យ៉ាង​ណា​ អ្វី​ដែល​​សំណាង​អាច​​ធ្វើ​បាន​គឺ​រស់​តាម​យថាកម្ម​នៅ​កោះតៃវ៉ាន់​ម្នាក់​ ដោយ​ធ្វើការ​​ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ​ប្ដី​របស់​នាង​បន្ត​ទៅ​ទៀត។

សំណាង​និយាយ​ដោយ​អួល​ដើម​ក​​ថា​ "ខ្ញុំ​មាន​តែ​តស៊ូ​រស់នៅ​តាម​យថាកម្ម​ទៅ​ចុះ​ក្រែង​សន្សំ​លុយ​បាន​បន្តិចបន្តួច​ផ្ញើ​ទៅ​ឲ្យ​ឪពុកម្ដាយ​នៅ​​ស្រុក​ខ្មែរ​ដែល​គាត់​ចាស់​ទៅ​ហើយ"។

លើស​ពី​នេះ​ទៅ​ទៀត​នោះ​អ្វី​ដែល​សំណាង​សោកស្ដាយ​នោះ​គឺ​មនុស្ស​ប្រុស​ម្នាក់​នៅ​ស្រុក​ជាមួយ​គ្នា​ដែល​សុំ​ស្រឡាញ់​ និង​ចង់​រៀបការ​ជាមួយ​នាង​ ប៉ុន្តែ​បែរ​​ជា​​មិន​បាន​ជួប​គ្នា​ទៅ​វិញ។

សំណាង​ និយាយ​ដោយ​ដក​ដង្ហើម​ធំ​ថា​ "បើ​មាន​ជាតិ​ក្រោយ​ទៀត​ ខ្ញុំ​ចង់​រៀបការ​ជាមួយ​ជនជាតិ​ខ្មែរ​​គ្នា​​ឯង​វិញ"៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ អង្គារ 05 Jan 2010